Graham Potter បានច្រានចោលឱកាសក្នុងការចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Leicester បន្ទាប់ពីលោកបានចែកផ្លូវជាមួយក្លិប Chelsea


លោក Graham Potter អតីតគ្រូបង្វឹក Chelsea បានច្រានចោលឱកាសក្នុងការចូលកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ ​ក្រុម Leicester City ដោយ​សារ​តែ​គាត់​ចង់​សម្រាក​បន្ទាប់​ពី​ទើប​តែ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជាអ្នកចាត់ការទូទៅនៅទឹកដី Stamford Bridge នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ talkSPORT។



គ្រូបង្វឹកវ័យ 47 ឆ្នាំរូបនេះបានបាត់បង់ការងារនាពេលថ្មីៗនេះ បន្ទាប់ពីចែកផ្លូវជាមួយក្រុមតោខៀវ Chelsea ។ ជាមួយនឹង​ទម្រង់​លេង​មិនសូវ​ល្អ​  ដោយ​ក្រុម​ឈរ​ចំណាត់ថ្នាក់​លេខ ១១ ក្នុង​តារាង​ពិន្ទុ Premier League ហើយស្ទើរតែបាត់បង់ក្តីសង្ឃឹមក្នុងការលេងនៅពានរង្វាន់ធំៗរប​ស់អឺរ៉ុបនៅរដូវកាលក្រោយ ។

ពីស្ថានភាពបែបនេះ ធ្វើឱ្យគាត់ក្លាយជាគោលដៅសម្រាប់ក្លិប Leicester City  ដែលកំពុងស្វែងរកអ្នកចាត់ការទូទៅថ្មីជំនួសលោក Brendan Rodgers ដែលទើបតែត្រូវបានលាលែងពីតំណែងផងដែរ។ យ៉ាង​ណា​ក៏​ដោយ នេះ​បើ​តាម​ការ​រាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​របស់​អង់គ្លេស បាននិយាយថាគ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះចង់សម្រាករហូតដល់ចប់រដូវកាល មុនពេលស្វែងរកការងារថ្មីនៅរដូវក្តៅ ។



ទន្ទឹមនឹងនេះ Chelsea កំពុងស្វែងរកអ្នកចាត់ការទូទៅថ្មីដោយ Julian Nagelsmann ជាជម្រើសលេខមួយរបស់ពួកគេ។ ប៉ុន្តែ​នៅ​តែ​ចង់​ស្វែងរកគ្រូ​បង្វឹក​​៥​រូប​ទៀត មុន​នឹង​តែងតាំង​គ្រូ​បង្វឹក​ថ្មី។ ដោយសារតែក្លិបនៅតែបារម្ភពីអាយុរបស់អតីតគ្រូបង្វឹក Bayern Munich ព្រោះអាចនៅក្មេងពេកសម្រាប់ការងារកម្រិតនេះ។