Chelsea បានបើកការពិភាក្សាជាមួយ PSG ជុំវិញការផ្ទេរ Neymar មុនរដូវកាលថ្មីចូលមកដល់

បើតាមការរាយការណ៍ក្លឹប Chelsea កំពុងធ្វើការពិភាក្សាគ្នាជាមួយ Paris Saint-Germain ជុំវិញការផ្ទេរ Neymar ខណៈដែលមានក្រុមផ្សេងដូចជា Man UTD, Arsenal និង Newcastle ក៏ចាប់អារម្មណ៍ចង់បានផងដែរ។

ក្រោយពីមានការចាកចេញរបស់ Lionel Messi និង Sergio Ramos រួចមក Neymar ក៏ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិប Paris ផងដែរ។ក្រុមមហាសេដ្ឋីជំនាន់ថ្មី Newcastle ក៏ស្ថិតក្នុងចំណោមក្លិបដែល ចាប់អារម្មណ៍ក្នុងការផ្ទេរយក Neymar ខណៈរូបគេក៏ត្រូវបានគេផ្សាភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Arsenal ប៉ុន្តែ Man United ហាក់ដូចជាអ្នកនាំមុខគេដែលបានបើកការចរចាជាមួយ PSG។

ប៉ុន្តែមានរបាយការណ៍ថ្មីនៅក្នុងប្រទេសបារាំងពេលនេះតាខៀវក៏បានបើកការពិភាក្សាជាផ្លូវការជាមួយ PSG ផងដែរ។ ម្ចាស់ក្លិប Chelsea លោក Todd Boehly ចង់នាំយក Neymar មកកាន់កីឡដ្ឋាន Stamford Bridge ជាច្រើនខែមកហើយ និងថែមទាំងបានជួបជាមួយប្រធានក្លឹប PSG លោក Nasser al Khelaifi ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៅក្នុងខែកុម្ភៈផងដែរ។ Chelsea បានចំណាយប្រាក់ជាង ៦០០ លានផោន លើការនាំយកកីឡាករថ្មី ចាប់តាំងពីលោក Boehly មកជំនួសលោក Roman Abramovich កាលពីឆ្នាំ២០២២៕