* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ស្ថានភាព Chelsea កាន់តែយ៉ាប់ ស្របពេលដែលកីឡាករ 6 រូបទំនងជាដើរចេញពីក្លឹបក្នុងខែមករានេះ...
ស្ថានភាពក្រុមតោខៀវ Chelsea ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មីលោក Graham Potter កាន់តែយ៉ាប់យុឺនទៅៗហើយ បន្ទាប់ពី 9 ប្រកួតចុងក្រោយនៅ Premier League ពួកគេស្គាល់ពាក្យថាឈ្នះត្រឹមតែ 1 លើកប៉ុណ្ណោះ។ ខណៈដែលបច្ចប្បន្ននេះតោខៀវ Chelsea កំពុងតែឈរនៅលេខ 10 នៃតារាងពិន្ទុ Premier League គិតត្រឹមសប្ដាហ៍ទី 18។

បើនិយាយអំពីការចាយលុយទិញកីឡាករថ្មីចូលនៅរដូវកាល 2022/23 នេះ ប្រហែលជាគ្មានក្រុមណាដែលចាយលុយច្រើនជាង Chelsea នោះទេ។ ដោយគិតមកដល់ថ្ងៃទី 06 ខែ មករា នេះ Chelsea ចាយលុយសុរបអស់ 290.9 លានអឺរ៉ូហើយទៅលើការទិញកីឡាករថ្មីចូល។
ខណៈដែលក្នុងទីផ្សារដោះដូរកីឡាករនៅក្នុងខែមករានេះ Chelsea ទើបតែសម្រេចបានការចុះកិច្ចសន្យានាំយកកីឡាករថ្មី 2 រូបបន្ថែមទៀត ដោយរួមមានខ្សែប្រយុទ្ធកូតឌីវ័រកីឡាករ David Datro Fofana ពីក្រុមន័រវែស Molde FK នឹងខ្សែការពារកណ្ដាលបារាំងកីឡាករ Benoît Badiashile ពីក្រុមបារាំង AS Monaco។
ទន្ទឹមនឹងការចាយលុយទិញកីឡាករដ៏ច្រើនបែបនេះ Chelsea ក៏ទំនងជានឹងបើកផ្លូវអោយកីឡាករចាស់មួយចំនួននៅក្នុងក្រុម ចាកចេញទៅរកក្រុមផ្សេងលេងនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះផងដែរ។ កីឡាករទាំង 6 រូបខាងក្រោមនេះ ជាបេក្ខភាពឈានមុខគេដែលអាចនឹងចាកចេញពី Chelsea នៅក្នុងខែមករានេះ៖
▪️ Hakim Ziyech
Ziyech ត្រូវបានជាប់ទាក់ទងនឹងការផ្ទេរទៅកាន់ AC Milan តាំងពីរដូវក្តៅឆ្នាំមុនមកម្ល៉េះ។ ខណៈដែលអ្នកគាំទ្រជាច្រើនគិតថាទម្រង់លេងរបស់គេសាកសមនឹង Serie A ជាង Premier League។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីរូបគេធ្វើបានយ៉ាងល្អក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នេះ លោកគ្រូ Graham Potter ត្រូវតែគិតឱ្យបានហ្មត់ចត់អំពីការបញ្ចេញខ្សែប្រយុទ្ធស្លាបម៉ារ៉ុករូបនេះក្នុងខែមករានេះ ឬអត់នោះ។
▪️ Christian Pulisic
Pulisic មិនសូវជាបានចូលលេងច្រើននោះទេនៅរដូវកាលនេះ រួមទាំងមានបញ្ហារបួសច្រើន ហើយទម្រង់លេងក៏ធ្លាក់ចុះទៀតនោះ ខណៈដែលកាលពីខែធ្នូ Pulisic ធ្លាប់បានប្រាប់ថារូបគេអាចនឹងផ្លាស់ចេញ ដើម្បីទទួលបានឪកាសបានចូលលេងច្រើនជាងនេះ។
▪️ Édouard Mendy
ក្រឡេកទៅមើលកាលពីប៉ុន្មានខែមុន វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលមានឈ្មោះ Mendy នៅក្នុងបញ្ជីដែលអាចនឹងត្រូវបានបញ្ចេញនៅក្នុងខែមករា។ ស្របពេលដែលរូបគេមានបញ្ហារបួសច្រើន រួមទាំងការបង្ហាញទម្រង់ពុំសូវជាបានល្អ ដែលជាហេតុធ្វើអោយបាត់បង់ជម្រើសដំបូងទៅ Kepa បន្ថែមពីនេះដែល Mendy ត្រូវបានរាយការណ៍ថា AC Milan កំពុងតាមដានស្ថានភាពយ៉ាងដិតដល់បំផុត។
▪️ Carney Chukwuemeka
Chukwuemeka គឺជាតារាវ័យក្មេងម្នាក់ក្នុងចំណោមតារាវ័យក្មេងដែលគេ ចាប់អារម្មណ៍ច្រើនបំផុតនៅក្នុងប្រទេសអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ រូបគេមិនមានឱកាសច្រើនក្នុងការចូលលេងជាមួយ Chelsea នៅរដូវកាលនេះនោះទេ។ កីឡាករវ័យ 19 ឆ្នាំអង់គ្លេសដែលទើបតែផ្លាស់មកពី Aston Villa រូបនេះ អាចនឹងត្រូវបានបញ្ចូនចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងខែមករានេះផងដែរ។
▪️ Cesare Casadei
ការមកដល់របស់ Casadei នៅរដូវក្តៅនេះបានបង្ហាញថា Chelsea កំពុងបង្កើតក្រុមដ៏គួរឱ្យអារម្មណ៍មួយសម្រាប់នៅថ្ងៃអនាគត។ យោងតាម The Athletic តោខៀវ Chelsea ទំនងជានឹងដាក់ឱ្យកីឡាករវ័យ 19 ឆ្នាំអុីតាលីរូបនេះ ទៅក្រុមផ្សេងខ្ចីជើងក្នុងអំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ។
▪️ Denis Zakaria
ក្រោយពីផ្លាស់មកចូលរួមជាមួយ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus នៅរដូវក្ដៅនេះ Zakaria ទើបតែបង្ហាញខ្លួនអោយ Chelsea បានត្រឹម 2 ប្រកួតប៉ុណ្ណោះ។ ខណៈដែល Chelsea មានពាក្យចចាមអារ៉ាមថាកំពុងពិចារណាលុបចោលកិច្ចសន្យាខ្ចីជើងខ្សែបម្រើការពារស្វីសរូបនេះមុនកាលកំណត់ផងដែរ។